ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាបញ្ជ្រាប ការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ ២០២៣

ខេត្តសៀមរាប,នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបញ្ជ្រាប ការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក ។ កម្មវិធី នេះក៏មានកាអញ្ជើញចូលរួម  ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជន។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ, រដ្ឋបាលក្រុងបាត់ដំបង, និង រដ្ឋបាលក្រុងកំពង់ចាម ។

សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត  ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។

ព័ត៌មានទាក់ទង